+855 16 757 168     samnob@keiladaily.com
KD Logo

ជើងឯកថ្នាក់ជាតិកីឡាវ៉ូវីណាម ជាការសម្រាំងរកជ័យលាភីចូលក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម នៅវៀតណាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 72

ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០បានចាប់ផ្តើមប្រកួតហើយ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បន្ទាប់ពីពន្យាពេលដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលតាមរយៈព្រឹត្តិការណ៍ថ្នាក់់ជាតិនេះ គឺជាការសម្រិតសម្រាំងរកជ័យលាភីចូលក្នុងក្រុមជម្រើសជាតិត្រៀមប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

ឯកឧត្តម អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាគូសបញ្ជាក់ថា បើទោះជាការប្រកួតត្រូវបាន ធ្វើពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះក្តី ក៏សហព័ន្ធបានសម្រេចកាត់បន្ថយការចូលរួមប្រកួតប្រជែងកីឡាករ កីឡាការិនី ដោយនៅត្រឹម៧៦នាក់មកពី១២សមាគម-ក្លិបមកពីរាជធានីខេត្ត និងក្រសួង។ ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺដើម្បីសម្រិតសម្រាំងអត្តពលិកល្អៗ ជ្រើសរើសចូលរួមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀម ប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១នេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងនាមតំណាងសហព័ន្ធ ឯកឧត្តមបានបង្ហាញនូវអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ថវិកាគាំទ្រជួយទ្រទ្រង់ដល់សហព័ន្ធកីឡាជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលបានផ្តល់ទីតាំង សម្រាប់ការប្រកួតប្រជែង ជើងឯកថ្នាក់ជាតិនេះរយៈពេល៣ថ្ងៃ។



អគ្គលេខាធិការរូបនេះបន្ថែមថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ស៊ុម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាខិតខំធ្វើយ៉ាងណាឲ្យកីឡាករ កីឡាការិនីយកការប្រកួតជើងឯកថ្នាក់ជាតិនេះបញ្ចេញឲ្យអស់ពីទេពកោសល្យ កម្រិតសមត្ថភាព។ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម គឺក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតក្រុមជម្រើសជាតិចំនួន២៩នាក់ គ្រូបង្វឹក៥នាក់ និងបរទេសម្នាក់។ ម្ចាស់ផ្ទះវៀតណាម បានកំណត់បង្ហាញនូវប្រភេទកីឡាវ៉ូវីណាមនេះចំនួន១៥វិញ្ញាសា ក្នុងនោះមានវិញ្ញាសាប្រយុទ្ធ៣ប្រភេទទម្ងន់នារី និង៣ប្រភេទទម្ងន់បុរស និងវិញ្ញាសាសម្តែងមេគុនមានចំនួន៩។

ឯកឧត្តម អ៊ូ រតនា បានបង្ហាញនូវក្តីជឿជាក់ថា ប្រភេទកីឡាវ៉ូវីណាមកម្ពុជានឹងអាចប្រកួតប្រជែងបានមេដាយមាសជូនជាតិជាក់ជាមិនខាន ដោយឯកឧត្តមបានយោងទៅលើហេតុផលនៃការខិតខំរបស់ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី ព្រមទាំងបទពិសោធន៍ធ្លាប់ទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ព្រមទាំងធ្លាប់ ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រភេទកីឡាជំនាញរបស់កម្ពុជាមួយនេះមានសក្តានុពលលើឆាកអន្តរជាតិ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖