+855 16 757 168     samnob@keiladaily.com
KD Logo

ក្រសួងមហាផ្ទៃប្រជែងបានមេដាយច្រើនជាងគេ ពីការប្រកួតកីឡាចំបាប់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 35

ការប្រកួតកីឡាចំបាប់បុរាណ-សម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានប្រកាសបញ្ចប់ដោយជោគជ័យហើយ នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីរកឃើញម្ចាស់ជ័យលាភីបន្ថែម៥វិញ្ញាសាចុងក្រោយ ក្នុងចំណោមវិញ្ញាសាសរុបចំនួន១៤។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហាញលទ្ធផលជ័យលាភីរបស់គណៈកម្មការបច្ចេកទេសថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃកន្លងមកនេះ ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយមាស៧ ប្រាក់៤ និងសំរឹទ្ធ១០គ្រឿង សរុប២១គ្រឿង, ចំណាត់ថ្នាក់លេខ២ គឺក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដោយឈ្នះមេដាយមាស៣ ប្រាក់៥ និងសំរឹទ្ធ៥ សរុប១៣ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹបគិរីបារមីដំរីមានរិទ្ធ មេដាយមាស២ ប្រាក់២ និងសំរឹទ្ធ១ សរុបមេដាយ៥គ្រឿង។ ចំណែកឯ៧ក្លឹបផ្សេងទៀត ក៏ដណ្តើមបាន ខ្លះមេដាយមាស ខ្លះមេដាយប្រាក់ និងសំរឹទ្ធ ដោយមិនមានក្លឹបណាមួយគ្មានមេដាយត្រឡប់ទៅផ្ទះវិញឡើយ។

ពិធីបំពាក់មេដាយ និងប្រគល់ប្រាក់រង្វាន់ជ័យលាភី ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។ ការប្រកួតកីឡាចំបាប់បុរាណ-សម័យ ជ្រើសរើសជើងឯកលើកនេះ មានក្លឹបចូល រួមចំនួន៩ ដោយមានគ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន៨៤នាក់។



លោក ខេស៊ី បាណេត ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតថា ចំបាប់គឺជាប្រភេទកីឡាដែលមានសក្តានុពល ដោយតាមរយៈព្រឹត្តិការណ៍ថ្នាក់ជាតិជាតិមួយនេះ គឺជាការចាប់ផ្តើមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងក្តីរំពឹងថានឹងឈ្នះមេដាយផងដែរ។ «ដូច្នេះហើយ យើងត្រូវត្រៀមខ្លួនបន្តការហ្វឹកហាត់ ដើម្បីនាំយកនូវមោទនភាពជាតិពីការប្រកួតនេះ ក៏ដូចជាឲ្យអន្តរជាតិបានស្គាល់ចំបាប់កម្ពុជាដូចគ្នាផងដែរ។ លើសពីការរៀបចំប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា យើងមិនភ្លេចពីការចូលរួមថែរក្សាវប្បធម៌ខ្មែរយើងផងដែរ ដោយសារប្រភេទកីឡាចំបាប់កម្ពុជា គឺមានវិញ្ញាសាចំបាប់អន្តរជាតិ (សម័យទំនើប) និងវិញ្ញាសាចំបាប់បុរាណ ជាវប្បធម៌ខ្មែរ ដោយនៅលើប្រាសាទបុរាណរបស់ខ្មែរក៏មានរូបចម្លាក់ចំបាប់បុរាណនេះដែរ។» លោកបានចាត់ទុកថា ការប្រកួតនេះ គឺជាព្រឹត្តិការណ៍ដ៏ធំក្នុងអាស៊ីអាគ្នេយ៍របស់កម្ពុជា ជាលើកដំបូង ជាប្រវត្តិសាស្ត្រ ដែលក្នុងឋានៈជាម្ចាស់ផ្ទះ ក៏បានចូលរួមបង្ហាញ និងថែរក្សាចំបាប់បុរាណខ្មែរផងដែរ។

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះ ក៏បានលើកឡើងទាក់ទងនឹងការត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅប្រទេសវៀតណាមដែរ ដោយសហព័ន្ធនឹងរៀបចំខ្លួនឲ្យកាន់តែល្អប្រសើរ តាមរយៈការស្វែងរកបន្ថែមនូវគ្រូបង្វឹកអន្តរជាតិ និងគម្រោងបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិ ទៅហ្វឹកហាត់បន្ថែមនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើនគុណភាព បទពិសោធន៍ ក្នុងការហ្វឹកហាត់នៅក្រៅប្រទេសផង និងនាំយកគ្រូបង្វឹកអន្តរជាតិមកបង្ហាត់បង្រៀន កីឡាករ កីឡាការិនី នៅក្នុងស្រុកផង។ សម្រាប់បេក្ខភាពស៊ីហ្គេម នៅវៀតណាម គឺការជ្រើសរើសកីឡាករ កីឡាការិនី ចេញពីការប្រកួតជើងឯកថ្នាក់ជាតិនេះ ហើយគោលការណ៍សំខាន់ និងក្រមសីលធម៌ គឺថាអ្នកណាដែលមានជំនាញខ្ពស់ជាងគេ មានសក្តានុពលខ្ពស់ជាងគេ នឹងត្រូវជ្រើសរើសចូលរួមប្រកួតប្រជែងមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២១។ «ប្រភេទមេដាយ និងចំនួនមេដាយ ថានឹងបានចំនួនប៉ុន្មាន យើងមិនហ៊ានធានាទេ ប៉ុន្តែអ្វីដែលធានាបានគឺចំបាប់កម្ពុជានឹងប្រជែងបានមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២១នេះ ដើម្បីប្រជែងបាននូវមោទនភាពជូនជាតិមាតុភូមិកម្ពុជា៕»


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖