+855 16 757 168     samnob@keiladaily.com
KD Logo

បង្កើតព្រឹត្តិការណ៍កីឡា «ជិះកង់នៃក្តីស្រឡាញ់» ដើម្បីផ្លាស់ប្ដូរឥរិយាបទយុវវ័យ ក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ នៅតំបន់ឆ្នេរសមុទ្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 110

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយានគ្រោងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ «ជិះកង់នៃក្តីស្រឡាញ់» ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីយកកីឡាធ្វើជាមធ្យោបាយក្នុងការផ្លាស់ប្ដូរឥរិយាបទយុវវ័យ នៅក្នុងពិធីបុណ្យនៃសេចក្តីស្រឡាញ់។

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ ក្រៅពីគោលបំណងនៃការផ្លាស់ប្តូរឥរិយាបទថ្មីរបស់យុវជន ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ស្ថាប័នទាំងនេះក៏បានបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុនេះផងដែរ។



វិញ្ញាសាចំនួន៣ដែលដាក់ឲ្យជិះនោះមានសម្រាប់អ្នកជិះកង់អាជីពគឺអាចចូលរួមប្រណាំងកង់ភ្នំចម្ងាយ៤០គីឡូម៉ែត្រ ដែលការប្រណាំងចាប់ផ្ដើមចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទៅឆ្នេររាម បន្ទាប់មកត្រឡប់មកឆ្នេរអូឈើទាលវិញ។ ប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី ចម្ងាយ២៥គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូឈើទាលឆ្ពោះទីអូរត្រេះហើយត្រឡប់មកឆ្នេរអូរឈើទាលវិញ។ Family Couple Ride គឺការជិះកង់ជាក្រុមគ្រួសារ និងគូស្នេហ៍ចម្ងាយ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា កន្លងមកមានយុវវ័យមួយចំនួនបានយល់ច្រឡំថាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺជាពេលដែលត្រូវលះបង់នូវព្រហ្មចារីយ៍ដល់គូស្នេហ៍របស់ខ្លួន។ ពេលនេះក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្កើសកម្មភាពកីឡាមួយ ដើម្បីផ្លាស់ប្ដូរឥរិយាបទដែលពួកគេយល់ច្រឡំកន្លងមក ក៏ដូចជានាំឲ្យយុវជន និងមហាជនបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព រួមទាំងទាក់ទាញនិងលើកកម្ពស់ដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រទៀតផង។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះគណៈកម្មការរៀបចំគ្រោងរៀបចំកន្លែងបោះតង់តាមឆ្នេរសមុទ្រសម្រាប់អ្នកចូលរួមទាំងអស់ដោយសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យខ្ពស់៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖