+855 16 757 168     samnob@keiladaily.com
KD Logo

គណៈកម្មការរៀបចំ «ជិះកង់នៃក្តីស្រឡាញ់» ថ្ងៃទី១៤កុម្ភៈ ស្នើឲ្យចុះឈ្មោះចូលរួមឲ្យទាន់ពេលវេលា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 149

គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ «ជិះកង់នៃក្តីស្រឡាញ់» ដែលគ្រោងធ្វើឡើងនាថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុនោះបានអំពាវនាវឲ្យកីឡាករ កីឡាការិនី ដែលមានបំណងចូលរួមប្រកួតប្រជែងប្រណាំងកង់ ឬជិះកង់កម្សាន្តនោះ សូមចុះឈ្មោះឲ្យបានច្រើន និងទាន់ពេលវេលា ខណៈពេលវេលាកាន់តែខិតចូលមកដល់ ពោលគឺនៅសល់ពេលជិត១សប្តាហ៍ទៀតប៉ុណ្ណោះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា មកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកចុះឈ្មោះចូលរួម សម្រាប់ព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» បានជិត២០០នាក់។ ឯកឧត្តមក៏បានអំពាវនាវដល់អ្នកដែលមានបំណងចង់ចូលរួមជិះកង់នេះ សូមចូលរួមចុះឈ្មោះឲ្យកាន់តែច្រើនបន្ថែមទៀត និងឲ្យបានរួសរាន់ទាន់ពេលវេលា ហើយគណៈកម្មការរៀបចំ នឹងផ្តល់កន្លែងសម្រាប់ការបោះតង់ នៅឆ្នេរសមុទ្រអូឈើទាល។

លោក សែម ផល្លា បញ្ជាក់ដែរថា សម្រាប់ទីតាំងចុះឈ្មោះមាន៣ទីតាំង គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជិតរង្វង់មូលវត្តសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, ទីតាំងទី២ ក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ79C, ផ្លូវ 155, សង្កាត់ទួលទំពូង ខណ្ឌចំការមន និងទីតាំងទី៣ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ ការទទួលចុះឈ្មោះនៅតែបន្តរហូតជិតដល់ថ្ងៃប្រកួត ប៉ុន្តែលោក សែម ផល្លា បានសំណូមពរចុះឈ្មោះឲ្យបានរួសរាន់ ដើម្បីផ្តល់ភាពងាយស្រួលដល់គណៈកម្មការ ក្នុងការផ្តល់ស្លាកលេខប្រកួតជូនដល់អ្នកចុះឈ្មោះ ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការរៀបចំផងដែរ។

ព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន មានវិញ្ញាសាចំនួន៣ គឺ១-វិញ្ញាសា សម្រាប់អ្នកជិះកង់អាជីពចម្ងាយ៤០គីឡូម៉ែត្រ ដែលការប្រណាំងចាប់ផ្ដើមចេញដំណើរពីឆ្នេរអូរឈើទាលឆ្ពោះទៅឆ្នេររាម បន្ទាប់មកត្រឡប់មកឆ្នេរអូរឈើទាលវិញ។ ២-ប្រភេទ Fun Ride គឺជាការជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី ចម្ងាយ២៥គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូរឈើទាល ឆ្ពោះទៅអូរត្រេះ ហើយត្រឡប់មកឆ្នេរអូរឈើទាលវិញ។ ៣-Family Couple Ride គឺការជិះកង់ជាក្រុមគ្រួសារ និងគូស្នេហ៍ចម្ងាយ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។



ចំពោះគោលបំណងចម្បងៗនៃព្រឹត្តិការណ៍ ជិះកង់នៃក្តីស្រឡាញ់នេះ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បញ្ជាក់ថា នេះជាព្រឹត្តិការណ៍មួយបន្តបញ្ជ្រាបការផ្សព្វផ្សាយឲ្យមានការផ្លាស់ប្ដូរឥរិយាបទ ក្នុងស្រទាប់យុវវ័យ នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ដែលកន្លងមកយុវជនមួយចំនួននៅតែយល់ច្រឡំនូវនិយមន័យពិតនៃថ្ងៃបុណ្យនេះ។ ឯកឧត្តម វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុកកីឡាទេសចរណ៍ផងដែរនោះ បានសង្កត់ធ្ងន់លើការចូលរួមស្វែងយល់ពីអន្ថន័យខ្លឹមសារពិតនៃទិវានៃក្តីស្រឡាញ់ ដោយសំដៅទៅលើការគោរពស្រឡាញ់ចំពោះឪពុកម្តាយ ក្រុមគ្រួសារ មិត្តភ័ក្រ្ត មិនមែនជាថ្ងៃដែលត្រូវលះបង់ព្រហ្មចារីយ៍ដល់គូស្នេហ៍នោះទេ។ ជាមួយគ្នានោះ «ជិះកង់នៃក្តីស្រឡាញ់» ក៏មានគោលបំណងបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុផងដែរ។ តាមរយៈការជិះកង់នេះនឹងនាំឲ្យយុវជន និងមហាជនបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងទាក់ទាញឲ្យមហាជនជួយលើកកម្ពស់ដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រទៀតផង។ គណៈកម្មការរៀបចំគ្រោងរៀបចំកន្លែងបោះតង់តាមឆ្នេរសមុទ្រ សម្រាប់អ្នកចូលរួមទាំងអស់ដោយសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យខ្ពស់។

តាមការគ្រោងទុក ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នឹងអញ្ជើញជាអធិបតី ដោយឯកឧត្តមបណ្ឌិតនឹងថ្លែងសន្ទរកថាខ្លី និងការបញ្ជាកាំភ្លើងចេញដំណើរលើវិញ្ញាសាប្រណាំងកង់ ៤០គីឡូម៉ែត្រ, ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងសុន្ទរកថាខ្លី និងការបញ្ជាកាំភ្លើងចេញដំណើរលើវិញ្ញាសាប្រណាំងកង់កម្សាន្តលក្ខណៈគ្រួសារ។ តាមកម្មវិធីនឹងចាប់ផ្តើមនាព្រឹកព្រលឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៥.៣០នាទី ជួបជុំកីឡាករ កីឡាការិនី ហើយម៉ោង៦គត់ ចាប់ផ្តើមកម្មវិធី ហើយនៅវេលាម៉ោង៨ និង៣០នាទី បំពាក់មេដាយជូនជ័យលាភីលើវិញ្ញាសាប្រកួតកង់៤០គីឡូម៉ែត្រ៕

រូបភាពឯកសារប្រណាំងកង់

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖