+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំពិនិត្យមើលសកម្មភាពការងារ និងការត្រៀមមហាសន្និបាត ចុងខែកុម្ភៈនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 47

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន ដើម្បីត្រួតពិនិត្យតាមដានសកម្មភាពការងារ ក៏ដូចជាត្រៀមរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆាប់ៗនេះ។




ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា នេះជាកិច្ចប្រជុំជាទៀងទាត់រៀងរាល់៣ខែម្តង ដែលជាយន្តការត្រួតពិនិត្យ តាមដាន ក៏ដូចជាត្រៀមរៀបចំមហាន្និបាតបូកសរុបលទ្ធផលការងារ និងលើកលើកទិសដៅបន្ត ប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៥ ខែកុម្ភៈខាងមុខឆាប់ៗនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានត្រួតពិនិត្យមើលលើលទ្ធផលការងារឆ្នាំ២០២០ កន្លងមក ដែលជាឆ្នាំនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែយើងអ្វីដែលជាស្នាដៃនៃសមិទ្ធផលរបស់ NOCC ដែលសម្រេចបានក្នុងឆ្នាំ២០២០ ក៏ត្រូវបាលើកបង្ហាញ រួមទាំងបញ្ហាប្រឈម ចំណុចខ្វះខាត ដើម្បីកែសម្រួលតម្រង់ទិសស្វែងរកផែនការយុទ្ធសាស្ត្រថ្មីៗ សម្រាប់គោលដៅបន្ត ក្នុងការសម្រួចគោលដៅចូលរួមរៀបចំជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយបានកំណត់ថា ឆ្នាំ២០២១នេះ គឺជាពេលវេលាចាប់ផ្តើមរៀបចំស៊ីហ្គេម (Games Operation Time)។


ឯកឧត្តមអគ្គលេខាធិការរូបនេះបន្ថែមថា នៅក្នុងមហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាចុងខែកុម្ភៈនេះនឹងរំលេចចេញនូវគោលការណ៍ វិធានការ ក៏ដូចជាការសម្រេចចិត្តនូវនយោបាយមួយចំនួន ដើម្បី បន្តការអភិវឌ្ឍវិស័យកីឡាជាតិ ជាពិសេសលើផ្នែកជំនាញបច្ចេកទេសគុណផលកីឡា រួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅឈានទៅទៅរកប្រសិទ្ធភាពពិតប្រាកដចាប់ពីឆ្នាំ២០២១ រហូតដល់អំឡុងពាក់កណ្តាលឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំស៊ីហ្គេម លើកទី៣២តែម្តង។




«យើងដឹងហើយថា វិបត្តិជំងឺកូវីដ-១៩នៅតែបង្កជាបញ្ហាខ្លះៗ ប៉ុន្តែយើងត្រូវតែត្រៀមលក្ខណៈឲ្យបានរួចរាល់ ដោយត្រូវបានវិធានការរបៀបថ្មីនៃរបត់ថ្មី សម្រាប់ផែនការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យបានទាន់ពេលវេលា។ ឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ហើយថា អ្វីដែលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍបច្ចេកទេស ឬសហព័ន្ធកីឡាជាតិណាខ្លះដែលមិនទាន់រឹងមាំ ដែលជាក្តីបារម្ភក្នុងការអភិវឌ្ឍបច្ចេកទេសនោះ គឺយើងត្រូវតែរួមគ្នាកែសម្រួលលើកិច្ចការទាំងអស់នោះ ដើម្បីកសាងសមត្ថភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យកាន់តែរឹងមាំ ក្នុងរយៈពេល២ឆ្នាំកន្លះ។ អ្វីដែលសំខាន់ក្នុងកិច្ចប្រជុំនេះ គឺសមាជិកប្រតិបត្តិទាំងអស់មានមូលមតិគ្នា ឯកភាពគ្នា ជាមួយឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តកិច្ចពិភាក្សារួមគ្នា ដោយរៀបចំនូវចំណុចខ្វះខាតឲ្យទៅជាកម្លាំងបង្គុំពិសេសមួយ ឆ្ពោះទៅរកភាពរីកចម្រើនលើផ្នែកបច្ចេកទេស ដែលក្នុងនោះយើងនឹងពិនិត្យចាប់តាំងពីពេលវេលានៃការហ្វឹកហាត់ បញ្ហាប្រឈមរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាទាំងអស់។» នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។


ជាមួយគ្នានោះ ឯកឧត្តមក៏បានចាត់ទុកថា កិច្ចប្រជុំនេះគឺជាការឆ្លុះបញ្ចាំងអំពីខ្លឹមសារនៃអង្គមហាសន្និបាត ចុងខែកុម្ភៈនេះផងដែរ ដែលយើងនឹងទទួលបានធាតុចូលបន្ថែមទៀតពីសហព័ន្ធកីឡាជាតិនានា ដើម្បីដាក់ចេញនូវផែនការពិសេសមួយ ក្នុងដំណើរឆ្ពោះទៅរួមគ្នា នៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖