+855 16 757 168     samnob@keiladaily.com
KD Logo

ទ្រីយ៉ាត្លុងកម្ពុជាត្រៀមប្រកួតប្រជែងលើ៤វិញ្ញាសា នៅស៊ីហ្គេម ចុងឆ្នាំ២០២១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 277

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានត្រៀមខ្លួនចូលរួមប្រកួតប្រជែងលើវិញ្ញាសាចំនួន៤ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ប៉ុន្តែនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងបង្កផលប៉ះពាល់មិនអាចប្រមូលផ្តុំការហ្វឹកហាត់បានទេ ដោយបានរៀបចំកម្មវិធីហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីថែរក្សាថាមពលកម្លាំង និងគុណភាពបច្ចេកទេសកុំឲ្យធ្លាក់ចុះខ្លាំងពេក។



លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា វិញ្ញាសាចំនួន៤ ដែលកម្ពុជាត្រៀមចូលរួមប្រកួតនេះ រួមមាន៖ ១-វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិចំនួន២វិញ្ញាសាបុរស-នារី ដែលត្រូវហែលទឹកចំងាយ១៥០០ម៉ែត្រ-ជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ។ ២-វិញ្ញសាឌូយ៉ាត្លុងបុរស-នារី មានរត់១០គីឡូម៉ែត្រ-ជិះកង់៤០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ។




លោកបន្តថា បច្ចុប្បន្នក្រុមជម្រើសជាតិទ្រីយ៉ាត្លុងមានសរុបចំនួន១៤នាក់ ក្នុងនោះមានកីឡាករ៩នាក់ និងកីឡាការិនី៥នាក់ និងគ្រូបង្វឹក៤នាក់ ក្នុងនោះមានគ្រូបរទេសថ្មីម្នាក់ជាជនជាតិណូវែលសេឡង់ ដែលទើបនឹងមកជួយដល់ការបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា។ ពេលកនេះក្រុមជម្រើសជាតិទ្រីយ៉ាត្លុង កំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩នៅតែបង្កផលប៉ះពាល់ខ្លាំងនោះ ទើបក្រសួងអប់រំ យុវជន និងកីឡាប្រកាសរំសាយការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន។ អ្វីដែលចាំបាច់ក្នុងស្ថានភាពនេះ គឺគ្រូបង្វឹកជម្រើសជាតិបានរៀបចំកម្មវិធីហ្វឹកហាត់ច្បាស់លាស់ ប្រចាំថ្ងៃ នៅតាមផ្ទះសិន ដើម្បីថែរក្សាកម្លាំងកុំឲ្យធ្លាក់ចុះខ្លាំងពេក ហើយការត្រួតពិនិត្យការហ្វឹកហាត់របស់កីឡាករ កីឡាការិនីពីគ្រូបង្វឹក ធ្វើឡើងតាមប្រព័ន្ធអនឡាញ។




អគ្គលេខាធិការរូបនេះបន្ថែមថា ការហ្វឹកហាត់នៅតាមផ្ទះនេះ គ្រាន់តែហ្វឹកហាត់បណ្តោះអាសន្នប៉ុណ្ណោះ និងមិនអាចបង្កើនគុណភាពបច្ចេកទេសឲ្យល្អនោះឡើយ ដោយអាចហាត់លើកម្លាំងកាយមូលដ្ឋាន រត់កម្តៅសាច់ដុំ ហើយជិះកង់នៅលើរ៉ូឡូនៅផ្ទះ និងអាចចេញហាត់ជិះនៅតាមផ្លូវសាធារណៈលក្ខណៈឯកត្តជន មិនមានហាត់ជុំគ្នានោះទេ។ អ្វីដែលបញ្ហាប្រឈម គឺការហាត់ហែលទឹក ពីព្រោះថានៅផ្ទះមិនមានអាងហែលទឹកនោះទេ ប៉ុន្តែទោះយ៉ាងនេះក្តី ការហាត់នៅផ្ទះ ក៏នឹងជួយដល់ការប្រមូលផ្តុំឡើងវិញបានខ្លះៗដែរ ហើយបើមិនហ្វឹកហាត់សោះ នោះនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំងនៅពេលប្រមូលផ្តុំហ្វឹកហាត់ឡើងវិញជាក់ជាមិនខាន។


លោក ងិន សុខបញ្ញា បានលើកឡើងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែផ្តល់ជាការលើកទឹកចិត្តធ្វើយ៉ាងណាជំរុញឲ្យកីឡាករ កីឡាការិនីជម្រើសជាតិនានា បង្កើនការហ្វឹកហាត់នៅតាមផ្ទះនេះឲ្យបានខ្លាំងក្លា តាមកម្មវិធីដែលបានរៀបចំ ដើម្បីត្រៀមស៊ីហ្គេម ចុងឆ្នាំ២០២១នេះ ពីព្រោះថាពេលវេលាកាន់តែកៀកហើយ ដែលជាក្តីបារម្ភយ៉ាងខ្លាំងដល់ការអភិវឌ្ឍបច្ចេកទេសផងដែរ៕


រូបភាព : សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖