+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុមជម្រើសជាតិទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងហ្វឹកហាត់ ត្រៀមស៊ីហ្គេម ចុងឆ្នាំ២០២១ នៅវៀតណាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 116

CAMSOC-ភ្នំពេញ៖ កីឡាករ កីឡាការិនីទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីងជម្រើសជាតិកម្ពុជា កំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីត្រៀមចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។


លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិនៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបញ្ជាក់ថា បច្ចុប្បន្នសមាសភាពគ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីកីឡាទូកមានចំនួនសរុប៣៣នាក់ ក្នុងនោះមានកីឡាករ ២២នាក់ កីឡាការិនី៦នាក់ គ្រូបង្វឹកម្នាក់ និងគ្រូជំនួយ៣នាក់ ដែលបន្តការហ្វឹកហាត់នៅតាមផ្ទះ និងត្រួតពិនិត្យតាមប្រព័ន្ធអនឡាញ។ ការហ្វឹកហាត់នេះ គឺធ្វើឡើងនៅតាមគេហដ្ឋានរៀងៗខ្លួន មិនទាន់ហ្វឹកហាត់លក្ខណៈប្រមូលផ្តុំនៅឡើយទេ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមកម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃ គឺក្នុង១ថ្ងៃហ្វឹកហាត់រយៈពេល៥ម៉ោង ដែលពេលព្រឹកមានរយៈពេល៣ម៉ោង និងល្ងាច២ម៉ោង ដោយផ្តោតសំខាន់លើការថែរក្សាកម្លាំងកាយ និងបច្ចេកទេសមូលដ្ឋាននៃប្រភេទវិញ្ញាសានីមួយៗ។


គ្រូជំនួយរូបនេះបន្ថែមថា សម្រាប់ការហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានត្រៀមបញ្ជូនក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែងលើវិញ្ញាសាទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ខណៈវិញ្ញាសាទូកនាគខ្នាតអន្តរជាតិ គឺម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម មិនបានដាក់វិញ្ញាសានេះក្នុងការប្រកួតឡើយ។


លោក គង់ សុភាព បន្ថែមថា មកដល់ពេលនេះ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពូជា មិនទាន់កំណត់ពីប្រភេទវិញ្ញាសាណាខ្លះ ដែលត្រូវចូលរួមប្រកួតប្រជែងស៊ីហ្គេម ចុងឆ្នាំនេះនៅឡើយទេ ដោយហ្វឹកហាត់ជារួម តាមប្រភេទវិញ្ញាសានីមួយៗ ហើយនៅពេលជិតដល់ពេលវេលាកំណត់ទើបមានការកំណត់វិញ្ញាសាដែលត្រូវចូលរួមប្រកួត។


សូមបញ្ជាក់ថា បើតាមការកំណត់បង្ហាញរបស់ម្ចាស់ផ្ទះវៀតណាម បានបញ្ជាក់វិញ្ញាសាលើប្រភេទកីឡាទូករ៉ូអ៊ីង មានវិញ្ញាសាបុរសចំនួន៨វិញ្ញាសា និងនារី៨វិញ្ញាសា។ ប្រភេទកីឡាទូកកានូ មានផ្នែកបុរស៣វិញ្ញាសា និងនារី៨វិញ្ញាសា ខណៈប្រភេទទូកកាយ៉ាក់ មានផ្នែកបុរស ៤វិញ្ញាសា និងនារី៤វិញ្ញាសា៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖