+855 16 757 168     samnob@keiladaily.com
KD Logo

វាយកូនឃ្លីលើតុរំពឹងប្រជែងបានលទ្ធផល្អ ពីស៊ីហ្គេម ចុងឆ្នាំ២០២១ ក្រោយចេញទៅហ្វឹកហាត់នៅចិន៣ខែ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 119

CAMSOC-ភ្នំពេញ៖ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាមានប្រសាសន៍ថា សហព័ន្ធបានត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម នាថ្ងៃទី២១ ខែវិច្ឆិកា-២ខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងក្តីរំពឹងថានឹងអាចដណ្តើមបានលទ្ធផលដ៏គាប់ប្រសើរណាមួយនៅក្នុងព្រឹត្តិការណ៍កីឡារៀងរាល់២ឆ្នាំម្តងនេះ ក្រោយពីចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ខែ ខាងមុខ។


លោកអគ្គលេខាធិការរូបនេះបន្ថែមថា «ខ្ញុំមិនទាន់ហ៊ានសន្យាថាក្រុមកីឡាករ កីឡាការិនីវាយកូនឃ្លីលើតុជម្រើសជាតិកម្ពុជា អាចនឹងឈានដល់មេដាយ ឬយ៉ាងណានោះទេ ប៉ុន្តែឆ្លងកាត់តាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក៏ដូចជាការខិតខំហ្វឹកហាត់ត្រៀមរបស់កីឡាករ កីឡាការិនីទាំងអស់ គឺយើងនឹងអាចទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរណាមួយពីការប្រកួត ស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាមជាក់ជាមិនខាន។ ក្តីសង្ឃឹមនៃលទ្ធផលល្អនេះ គឺដោយសារប្រភេទកីឡាវាយកូនឃ្លីលើតុ ក្នុងចំណោម១២ប្រភេទកីឡារបស់កម្ពុជា នឹងចេញទៅបន្តការហ្វឹកហាត់រយៈពេល៣ខែ នៅសាធារណរដ្ឋប្រជាមាននិតចិន ដើម្បីបង្កើនគុណភាពបច្ចេកទេសឲ្យកាន់តែល្អប្រសើរបន្ថែមទៀត មុនពេលស៊ីហ្គេម ២០២១ ចូលមកដល់។


លោក ស៊ុន សុទ្ធារិទ្ធ បន្ថែមទៀតថា សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី៣នាក់ ចូលរួមប្រកួតប្រជែងលើ៦វិញ្ញាសា គឺឯកត្តជន វាយគូ និងក្រុម បុរស-នារី ដែលតាមគម្រោងសហព័ន្ធមានផែនការពង្រឹងលើវិញ្ញាសាជាក្រុម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ យើងមិនទាន់អាចហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបាននៅឡើយ ដោយបច្ចុប្បន្នក្រុមកីឡាករ កីឡាការិនិកំពុងបំបែកការហ្វឹហាត់នៅតាមផ្ទះរៀងៗខ្លួន ដោយគ្រាន់តែត្រួតពិនិត្យការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ។ ទោះយ៉ាងនេះក្តី ក៏លោកនៅតែមានសង្ឃឹមថា ក្រោយពេលបន្តការហ្វឹកហាត់នៅចិន រយៈពេល៣ខែនោះ សហព័ន្ធរំពឹងទុកថា ការចូលរួមប្រកួតប្រជែងរបស់ប្រភេទកីឡាវាយកូនឃ្លីលើតុ ក្នុងស៊ីហ្គេម ចុងឆ្នាំ២០២១នេះ នឹងទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរណាមួយជាក់ជាមិនខាន។ ម្យ៉ាងទៀត ដោយសារកីឡាករ កីឡាការិនីសុទ្ធសឹងតែស្ថិតនៅក្នុងវ័យក្មេង ក៏ជាក្តីរំពឹងឈានឆ្ពោះទៅប្រកួតប្រជែង នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ នាពេលនោះផងដែរ។


លោកបានដាក់ក្តីសង្ឃឹមខ្ពស់ថា មានតែការហ្វឹកហាត់នៅប្រទេសចិននេះទេ ដែលអាចបង្កើននូវបច្ចេកទេសកាន់តែល្អប្រសើរ ដោយសារតែការប្រកួតក្នុងស្រុក គឺក្រុមជម្រើសជាតិទាំងនោះភាគច្រើនសុទ្ធតែដណ្តើមបានចំណាត់ថ្នាក់លេខ១ (មេដាយមាស) ដែលនេះគឺជាភាពដដែលៗរបស់ពួកគេ។ ដូច្នេះហើយការហ្វឹកហាត់នៅចិន អំឡុងខែសីហា ឆ្នាំ២០២១នេះ នឹងជួបជាមួយដៃគូខ្លាំងៗនឹងជួយជំរុញឲ្យក្រុមជម្រើសជាតិកម្ពុជាបង្កើនបាននូវបច្ចេកទេសល្អជាងការហ្វឹកហាត់ និងការប្រកួតក្នុងស្រុក ជាក់ជាមិនខាន។
បើយោងតាមការកំណត់បង្ហាញរបស់ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាមបានបញ្ជាក់ប្រភេទកីឡាវាយកូនឃ្លីលើតុនេះ មានវិញ្ញាសាសរុបចំនួន៧ ក្នុងនោះមានវិញ្ញាសាផ្នែកបុរសមានឯកត្តជន, វាយគូ ជាក្រុមចំនួន៣វិញ្ញាសា និងនារី៣វិញ្ញាសាដែរ គឺឯកត្តជន វាយគូ និងក្រុម និងវិញ្ញាសាចម្រុះ១វិញ្ញាសា។


កាលពីពេលថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា កម្ពុជាបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីសក្តានុពលរបស់ខ្លួនចំនួន១២ប្រភេទកីឡា មានចំនួន១៣៥នាក់ ចេញទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ភាគីចិនបានផ្តល់ជំនួយឥតសំណងមួយផ្នែកទៀតលើការហ្វឹកហាត់កីឡាករ កីឡាការិនីជម្រើសជាតិនេះចាប់ពីឆ្នាំ២០២១នេះតទៅ ពោលគឺចាប់ពីដើមខែសីហា ឆ្នាំ២០២១ទៅ ដោយភាគីចិនធានាថាស្ថានភាពវិបត្តិជំងឺកូវីដ-១៩បានល្អប្រសើរហើយអាចទទួលយកក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ចេញទៅហ្វឹកហាត់នៅប្រទេសចិនបាន។ នេះគឺជាការហ្វឹកហាត់ដ៏សំខាន់ ក្នុងការបង្កើនគុណភាពបច្ចេកទេសផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងកីឡាករ កីឡាការិនីចិន និងមានទាំងការប្រកួតលក្ខណៈក្នុងស្រុករបស់ចិនផង ម្យ៉ាងទៀតនៅទីនោះមានឧបករណ៍ហ្វឹកហាត់ទំនើបតាមស្តង់ដារផងដែរ។ ឯកឧត្តមចាត់ទុកថា ការហ្វឹកហាត់នៅប្រទេសចិននឹងជួយជំរុញឲ្យថាមពលកម្លាំង និងស្ថេរភាពបច្ចេកទេសកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១នេះផង ហើយក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិទាំងនោះ នឹងចេញទៅបន្តការហ្វឹកហាត់រយៈពេលវែង រហូតដល់ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គម ឆ្នំា២០២៣ តែម្តង។ ក្រៅពីការហ្វឹកហាត់នៅចិន ក៏មានប្រភេទកីឡាមួយចំនួនទៀតរបស់កម្ពុជាដែលត្រៀមចេញទៅហ្វឹកហាត់នៅតាមប្រភេទកីឡានីមួយៗផងដែរ ដូចជាតេក្វាន់ដូ ត្រៀមចេញទៅហ្វឹកហាត់នៅកូរ៉េខាងត្បូង កីឡាការ៉េតាទៅហ្វឹកហាត់នៅជប៉ុន វ៉ូវីណាម ទៅហ្វឹកហាត់នៅប្រទេសវៀតណាមជាដើម ដើម្បីត្រៀមស៊ីហ្គេម ចុងឆ្នាំ២០២១នេះផងដែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖