+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម មៀច សុផាន់ណា៖ «កីឡាគឺជានិមិត្តរូបនៃការរីកចម្រើនប្រទេសជាតិ»

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 113

CAMSOC-ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាមានប្រសាសន៍ថា «កីឡាគឺជានិមិត្តរូបនៃការរីកចម្រើនរបស់ប្រទេសជាតិមួយ ដោយកាលណាយើងលេងកីឡាពូកែ មានន័យថា ប្រជាជនយើងមានសុខភាពល្អ»។


នេះជាការលើកឡើងរបស់ឯកឧត្តម ក្រោយបញ្ចប់ការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការ ផ្គត់ផ្គង់ និងសាងសង់ទីលានបាញ់កាំភ្លើង សម្រាប់បម្រើដល់ការប្រកួតកីឡាបាញ់កាំភ្លើងអន្តរជាតិនានា ជាពិសេសគឺគោលដៅដ៏ធំចម្បង ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយក្រុមហ៊ុន យិៈចៀ (Yeejia) នៅដើមសប្តាហ៍នេះ។


ឯកឧត្តមប្រធានសហព័ន្ធមានប្រសាសន៍បន្ថែមថា ដោយសាហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់រហូតដល់ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកំពុងធ្វើកិច្ចការយ៉ាងយកចិត្តទុកដាក់រវាងក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ក្រោមការដឹកនាំពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ ចំពោះប្រភេទកីឡាបាញ់កាំភ្លើង ដែលត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយនិងប្រភេទកីឡាដទៃៗទៀតរបស់កម្ពុជាដែរនោះ បានសិក្សា និងស្វែងរកទីកន្លែងណា ដែលមានប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធនានា ជាក់ស្តែងសហព័ន្ធបានកំណត់យកខេត្តព្រះសីហនុ ជាកន្លែងសាងសង់ទីលានបាញ់កំាភ្លើង ដោយសារពេល ស៊ីហ្គេម ឆ្នាំ២០២៣ គឺភ្នំពេញ ខេត្តសៀមរាបជាដើម ជាប់រវល់ទទួលភ្ញៀវ និងការប្រកួតកីឡាស៊ីហ្គេម ហើយខេត្តព្រះសីហនុអាចទទួលកីឡាករ កីឡាការិនីលើប្រភេទកីឡាមួយចំនួនមកខេត្តព្រះសីហនុនេះខ្លះ ម្យ៉ាងទៀតគឺដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុន យិៈចៀ បានសន្យាជួយផ្គត់ផ្គង់ទីកន្លែង សម្ភារបច្ចេកទេស និងធនធានជាដើម ដែលសហព័ន្ធ និងក្រុមហ៊ុននឹងធ្វើកិច្ចការក្នុងភាពជាដៃគូជាមួយគ្នាជាបន្តទៀត។


ឯកឧត្តម មៀច សុផាន់ណា បានលើកឡើងទៀតថា កន្លងមក ទីលានបាញ់កាំភ្លើងនៅកម្ពុជា មិនទាន់ឆ្លើយតបទៅនឹងកម្រិតមាត្រដ្ឋាន (ឬស្តង់ដារ) អន្តរជាតិតាមស្តង់ដារអូឡាំពិក ឬស៊ីហ្គេមនៅឡើយទេ ដូច្នេះហើយទើបការសាងសង់ទីលានបាញ់កាំភ្លើងថ្មីនេះ អាចត្រូវបានកំណត់ជាទីលានស្របតាមស្តង់ដាអន្តរជាតិ អូឡាំពិក ឬទីលានតាមស្តង់ដាស៊ីហ្គេម ដែលទីលានថ្មីនេះ នឹងអាចជួយជំរុញដល់ការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងជួយចូលរួមដល់ការការពារគ្រប់គ្រងអាវុធ ដើម្បីសុខសុវត្ថិភាពសង្គមផងដែរ។
«តាមគម្រោងការសាងសង់ទីលានបាញ់កាំភ្លើងនេះនឹងធ្វើឲ្យរួចរាល់ក្នុងរង្វង់១ឆ្នាំ ក្នុងរង្វង់ទឹកប្រាក់ចន្លោះពី២ទៅ៣លានដុល្លារសហរដ្ឋអារិក ឬអាចច្រើនជាងនេះ ដូច្នេះហើយឯកឧត្តមក៏បានអំពាវនាវប្រសិនបើមានក្រុមហ៊ុន សប្បុរសជនណាចង់ចូលរួមចំណែកជួយ ក៏ឯកឧត្តមត្រេកអរណាស់ដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា។


លោក ហ្វូ ស៊ានធីង អគ្គនាយកក្រុមហ៊ុន Yeejia មានប្រសាសន៍ដែរថា ដោយក្រុមហ៊ុនមើលឃើញថា កីឡាបាញ់កាំភ្លើងជាប្រភេទសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសគឺជួយជំរុញដល់គុណភាពបច្ចេកទេសសម្រាប់ក្រុមជម្រើសជាតិ ត្រៀមស៊ីហ្កេម ឆ្នាំ២០២៣ផងដែរ ទើបលោកជួយផ្តល់ជូនទីតាំងនេះ វាជាប្រភពទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត នៅខេត្តព្រះសីហនុ និងនៅរមណីយដ្ឋានរបស់លោកកាន់តែច្រើនផងដែរ។ លោកអគ្គនាយកអះអាងថា ក្រុមហ៊ុននឹងជួយសាងសង់ទីលានជូនសហព័ន្ធ ដើម្បីបម្រើដល់ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីជួយជំរុញនូវផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធឲ្យទទទួលបានជោគជ័យផងដែរ។


គួរបញ្ជាក់ថា ក្រៅពីទីលានកីឡាបាញ់កាំភ្លើងនេះ ខេត្តព្រះសីហនុ គឺគោលដៅមួយ ក្នុងចំណោមគោលដៅសំខាន់ៗចំនួន៥ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ដូចជាការប្រកួតប្រភេទកីឡាទូកក្តោង និងម៉ូតូទឹកក៏ធ្វើនៅខេត្តព្រះសីហនុនេះដែរ ស្របពេលដែលខេត្តកំពត ទទួលរៀបចំកីឡាប្រណាំងទូកនាគ ទូកកានូ កាយ៉ាក និងរ៉ូអ៊ីង រីឯខេត្តកែប ទទួលធ្វើម្ចាស់ផ្ទះ ប្រភេទកីឡាទ្រីយ៉ាត្លុង៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖