+855 16 757 168     samnob@keiladaily.com
KD Logo

ប្រកាសតែងតាំងលោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃ CAMSOC

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 87

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំពិសេសមួយ កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការប្រកាសតែងតាំងលោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃ CAMSOC ជំនួសលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានទទួលមរណភាព។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីប្រកាសតែងតាំងប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងអមគណៈកម្មាធិការជាតិ CAMSOC បន្ទាប់ពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីពេលថ្មីៗនេះ។


លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ធ្លាប់មានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងការងារវេជ្ជសាស្ត្រកីឡា ហើយពេលនេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានប្រកាសតែងតាំង ដើម្បីឲ្យសមាជិកនៃគណៈកម្មការជំនាញអមមួយនេះបានស្គាល់គ្នា ចាប់ដៃគ្នាធ្វើកិច្ចការវេជ្ជសាស្ត្រកីឡា បន្តពីលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានធ្វើកន្លងមក។ គណៈកម្មការវេជ្ជសាស្ត្រ និងដូពីង នឹងបន្តជួយដល់ការថែរក្សាសុខុមាលភាព ជួយដល់វិធានការបង្ការជំងឺកូវីដ-១៩ដល់កីឡាករ កីឡាការិនី ព្រមទាំងសហការជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ ក្នុងការថែទាំសុខភាពក្រុមអត្តពលិក ក្នុងការហ្វឹកហាត់ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង។


ក្រោយពីការប្រកាសតែងតាំងជាផ្លូវការនេះ លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ក៏នឹងក្លាយជាសមាជិកពេញសិទ្ធិរបស់គណៈកម្មការវេជ្ជសាស្ត្រនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផងដែរ ហើយពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លោកក៏នឹងក្លាយជាប្រធានគណៈកម្មការវេជ្ជសាស្រ្តស៊ីហ្គេម តាមលំនាំនៃបណ្តាប្រទេសនានាដែលធ្វើម្ចាស់ផ្ទះដូចគ្នា។ ជាមួយគ្នានោះ ប្រធានវេជ្ជសាស្ត្រថ្មីរូបនេះ ក៏ត្រៀមខ្លួនក្នុងការរៀបចំកីឡាករ កីឡាការិនី និងការចូលរួមប្រជុំជាមួយម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម នាចុងឆ្នាំ២០២១នេះ ដើម្បីដកស្រង់បទពិសោធន៍លើកិច្ចការវេជ្ជសាស្ត្រកីឡា និងសារធាតុដូពីងត្រឡប់មករៀបចំសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាផងដែរ។


លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ក៏បង្ហាញនូវភាពរីករាយជាខ្លាំងជាមួយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញបេសកកម្មថ្មីៗ សម្រាប់វិស័យកីឡាកម្ពុជា ហើយលោកនឹងជួយបណ្តុះបណ្តាលដល់គ្រូបង្វឹកជម្រើសជាតិនានានូវអ្វីដែលហៅថាវេជ្ជសាស្ត្រកីឡា ជួយដល់វិទ្យាសាស្ត្រកីឡា ហើយវេជ្ជសាស្ត្រកីឡាជួយដល់ការបង្កើនគុណផលកីឡា ក្នុងពេលហ្វឹកហាត់ ព្រមទាំងជួយដល់ការយល់ដឹងពីរបបអាហារូបត្ថម្ភរបស់កីឡាករ កីឡាការិនី ដែលត្រូវស្តារថាមពលកម្លាំងឡើងវិញ ក្រោយពេលហ្វឹកហាត់ជាដើម។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖