+855 16 757 168     samnob@keiladaily.com
KD Logo

ប្រទេសភាគច្រើនក្នុងអាស៊ីអាគ្នេយ៍មិនយល់ព្រមនឹងការលើកពេលការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមរបស់វៀតណាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 58

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ជាមួយគណៈអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ស្តីពីការចង់ស្នើសុំពន្យាពេលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១លើកទៅឆ្នាំ២០២២ ឬលើពេលរយៈពេលវែង របស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម ប៉ុន្តែបណ្តាប្រទេសភាគច្រើនមិនយល់ព្រមនោះទេ ដោយសារការលើកពេលនេះនឹងជះឥទ្ធិពលយ៉ាងច្រើន។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានកោះប្រជុំបន្ទាន់មួយ (ប្រព័ន្ធអនឡាញ) ស្តីពីការស្នើសុំពន្យាពេល ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទៅឆ្នាំ២០២២របស់គណៈកម្មាធិការជាតិវៀតណាម ហើយគណៈកម្មាធិការជាតិនៃបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ជាសមាជិកបានផ្លាស់ប្តូរយោបល់គ្នា។


«ភាគច្រើននៃបណ្តាប្រទេសនានាមិនយល់ព្រមនៃការលើកពេលស៊ីហ្គេម ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះ វៀតណាមនោះទេ ដោយបណ្តាប្រទេសទាំងនោះបានលើកហេតុផលអំពីការប៉ះពាល់យ៉ាងច្រើនអំពីការត្រៀមរៀបចំរបស់ខ្លួន ជាពិសេសគឺនឹងធ្វើឲ្យរងផលប៉ះពាល់ទៅលើគម្រោងថវិការជាតិរបស់គេនីមួយៗ ពីព្រោះគម្រោងថវិកាដែលចំណាយគឺត្រៀមចូលរួមប្រកួត ស៊ីហ្គេម សម្រាប់ឆ្នាំ២០២១ ខណៈគម្រោងថវិកាសម្រាប់ឆ្នាំ២០២២ គឺសម្រាប់គម្រោងលើព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត ដូចជា កីឡាអាស៊ី កីឡាអូឡាំពិករដូវរងារ ឬសម្រាប់ហ្គេមផ្សេងៗទៀតប៉ុណ្ណោះ។ ដូច្នេះមាន៦ទៅ៧ប្រទេស ហើយដែលជាសំឡេងភាគច្រើនមិនគាំទ្រ ដោយមានការលំបាកខ្លាំង ប្រសិនបើម្ចាស់ផ្ទះវៀតណាមលើកពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២វិញនោះ»។


ឯកឧត្តមអគ្គលេខាធិការបន្ថែមថា អ្វីជាលទ្ធផលរួម គឺអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកវៀតណាមនឹងលើកសំណើរចំនួន៣ទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដោយសេណារីយោទី១ គឺគម្រោងការប្រកួតចាស់ដដែល ពីថ្ងៃទី២១វិច្ឆិកា ដល់ថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១, សេណារីយោ គឺអាចពន្យាពេលរហូតដល់ខែឧសភា-មិថុនា ឬខែកក្កដា ឆ្នាំ២០២២ ហើយ សេណារីយោ ទី៣ គឺអាចពន្យាពេលវែង ដែលបន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺនៅឆ្នាំ២០២៥ ដែលដល់វេន ប្រទេសថៃធ្វើម្ចាស់ផ្ទះ ឬស៊ីហ្គេម ឆ្នាំ២០២៧ ដល់វេនធ្វើម្ចាស់ផ្ទះ របស់ប្រទេសព្រុយណេ ដោយវៀតណាមអាចស្នើសុំធ្វើម្ចាស់ផ្ទះ ក្នុងចន្លោះពីរលើកនេះ ហើយសំខាន់គឺម្ចាស់ផ្ទះទាំងពីរនេះព្រមផ្តល់សិទ្ធិឲ្យវៀតណាមឬអត់។ នេះជាការស្ទាបស្ទង់កម្រិតជំនាញប៉ុណ្ណោះ មិនទាន់ឈានដល់កម្រិតការសម្រេចនយោបាយនៅឡើយទេ ដោយកម្រិតនយោបាយនេះ ដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលបញ្ហាលើកពេលរបស់ម្ចាស់ផ្ទះវៀតណាមនឹងត្រូវបើកកិច្ចប្រជុំមួយទៀត នៅ២សប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នឹងមានកិច្ចប្រជុំចុងក្រោយមួយថាតើការជ្រើសរើសរបស់រដ្ឋាភិបាលវៀតណាមក្នុងសេណារីយោណាមួយ ក្នុងចំណោម៣នេះ ហើយគណៈកម្មាធិការជាតិអូឡាំពិកជាតិទាំងអស់ជាសមាជិកនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍សម្រេចយកឬក៏អត់៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖