+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម វ៉ាត់ ចំរើន៖ ភាពជោគជ័យរបស់ប្រភេទកីឡាហុកគី ក្នុងស៊ីហ្គេម ២០២៣ គឺអាស្រ័យលើគ្រូបង្វឹក និងកីឡាករប្រឹងប្រែងរួមគ្នា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 82

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជាមានប្រសាសន៍ថា ប្រភេទកីឡាហុកគីកម្ពុជាត្រូវបានដាក់បញ្ជូលក្នុងបញ្ជីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣រួចហើយ ដូច្នេះហើយ យើងទាំងអស់គ្នា ត្រូវតែខិតខំឲ្យបានខ្លាំងក្លា ដោយភាពជោគជ័យរបស់ប្រភេទកីឡាហុកគីកម្ពុជា គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រូបង្វឹក និងកីឡាករ កីឡាការិនី។


នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងពិធីបើកវគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគី កម្រិត១ ដែលដំណើរការពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC)។


ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំស៊ីហ្គេម ទី១អ្វីដែលយើងចង់បានគឺជោគជ័យ ហើយជោគជ័យនេះ គឺប្រាកដជាបានមកពីគ្រូបង្វឹក និងកីឡាករ ដែលខ្លាំង។ កីឡាករខ្លាំង ហើយគ្រូបង្វឹកខ្សោយ ក៏ទៅអត់រួចដែរ ដូច្នេះត្រូវការខ្លាំងដូចគ្នា ដាក់ឆន្ទៈរួមគ្នា តស៊ូប្រឹងប្រែងទាំងអស់គ្នា ទើបអាចទៅដណ្តើមជោគជ័យបាន។ ធ្វីអ្វីក៏ដោយទាល់តែមានគោលដៅច្បាស់លាស់ ហើយត្រូវមានភាពវិជ្ជមាននៅក្នុងខ្លួន ដោយការស្រឡាញ់ចូលចិត្ត និងត្រូវធ្វើវាឲ្យបានល្អ។ បើដាក់ចិត្តថាធ្វើជំនាញហើយ ត្រូវប្រឹងប្រែងដុះខាត់ឲ្យវាកាន់តែមុតស្រួច។ អ៊ីចឹងត្រូវខិតខំទាំងអស់គ្នា ពួតដៃគ្នាចាប់ពីពេលនេះតទៅ ត្រូវធ្វើការជាក្រុម ដោយត្រូវសហការគ្នា»។


ជាមួយគ្នានោះ ឯកឧត្តមប្រធានសហព័ន្ធចាត់ទុកថា គ្រូបង្វឹករបស់ហុកគី គឺជាមេគ្រួសាររបស់ហុកគី ដែលត្រូវធ្វើជាគំរូល្អ ដើម្បីធ្វើឲ្យកីឡាហុក អាចបន្ថែមបាននូវគុណតម្លៃ និងគុណភាពបច្ចេកទេស កាន់តែល្អប្រសើរបន្ថែម។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានក្រើនរំឭកឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវតែមានឥរិយាបទ អត្តចរិតលក្ខណៈល្អ សម្តីមានសីលធម៌ខ្ពស់ ក្រៅពីចំណេះដឹងស៊ីជម្រៅលើផ្នែកជំនាញ ដោយគ្រូបង្វឹកមានសេចក្តីថ្លៃថ្នូរ នោះសិស្សក៏មានភាពថ្លៃថ្នូរដូចគ្នាផងដែរ។ «បើគ្រូមានភាពលម្អៀង អយុត្តិធម៌ គ្មានតម្លាភាព គឺនឹងជះឥទ្ធិពលគំរូមិនល្អដល់កីឡាករ កីឡាការិនីហើយ។ ក្រៅពីការផ្តល់ចំណេះដឹងបង្ហាត់បង្រៀនជំនាញបច្ចេកទេស គឺក្រមសីលធម៌របស់គ្រូនេះហើយ ដែលជារឿងសំខាន់ណាស់ដែរ។


លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជាបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហុកគី កម្រិត១នេះ អាចដំណើរការបាន តាមរយៈការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក (OS) ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) និងគ្រូឧទ្ទេសផ្តល់ដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ (FIH)។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ក្នុងនោះមាន១៧នាក់ជានារី។


វគ្គគ្រូបង្វឹកកីឡាហុកគីនេះ ផ្តោតសំខាន់លើមេរៀនសំខាន់ៗដូចជា សេចក្តីផ្តើមនៃកីឡាហុកគី តួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានិភ័យ (Risk Management) ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់សារជាតិញៀន (Anti Doping) បទបញ្ជាការប្រកួតហ្គេម ការស៊ុតបាល់ ការបញ្ជូនបាល់ ការទទួល ការស៊ុតបញ្ចូលទី ការការពារ និងអ្នកចាំទីជាដើម។ ជាមួយគ្នានោះ លោកអគ្គលេខាធិការបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តានាពេលនេះ នឹងជួយជំរុញបន្ថែមនៃដំណើរការអភិវឌ្ឍវិស័យកីឡាហុកគីកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។


លោក កាំង សុធា លើកឡើងទៀតថា តាមរយៈវគ្គសិក្សានេះ ក៏ជាចំណែកដ៏សំខាន់នៃដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងផងដែរ៕


ប្រភពរូបភាព៖ #Yuen_Punlue

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖