+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូបង្វឹកកីឡាហុកគីត្រូវការចាំបាច់នូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីដើរឲ្យទាន់ដំណើរការអភិវឌ្ឍន៍របស់ពិភពលោក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 93

CAMSOC-ភ្នំពេញ៖ លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានលើកឡើងថា គ្រូបង្វឹកហុកគីត្រូវការចាំបាច់នូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីដើរឲ្យទាន់ការប្រែប្រួលថ្មីៗនៃដំណើរការអភិវឌ្ឍន៍របស់ពិភពលោក។ នេះជាការអះអាងរបស់លោកអគ្គលេខាធិការ ក្រោយបញ្ចប់ការសិក្សាថ្ងៃទី៤ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៃវគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគី កម្រិត១ ដែលដំណើរការពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។


លោក កាំង សុធា គូសបញ្ជាក់ថា នេះមិនមែនជាលើកទី១សម្រាប់ការបណ្ដុះបណ្ដាលគ្រូកីឡាហុកគី ឬក៏វគ្គបច្ចេកទេសផ្សេងៗទេ ប៉ុន្ដែសម្រាប់ឆ្នាំនេះ យើងទទួលបានការសម្របសម្រួលដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាមរយៈការផ្ដល់មូលនិធិពីអង្គការសាមគ្គីអូឡាំពិក និងអ្នកសម្របសម្រួលបច្ចេកទេសរបស់សហព័ន្ធកីឡាហុកគីអន្តរជាតិ។ «វគ្គនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាលដល់គ្រូៗវ័យក្មេងរបស់យើង ដើម្បីឲ្យពួកគាត់អភិវឌ្ឍខ្លួនពីកម្រិតទាបទៅកម្រិតខ្ពស់ៗ ពីព្រោះថា ការអភិវឌ្ឍវិស័យកីឡា វាមានការប្រែប្រួលជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ បទបញ្ជាការប្រកួតមានការប្រែប្រួលអភិវឌ្ឍជាលំដាប់ដូចគ្នាផងដែរ។ ដូច្នេះ វាទាមទារឲ្យធនធានកីឡាហុកគី ត្រូវការអភិវឌ្ឍជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន»។


លោកអគ្គលេខាធិការ បានបង្ហាញនូវអំណរគុណដល់ NOCC អង្គការសាមគ្គីអូឡាំពិក (OS) សហព័ន្ធកីឡាហុកគីអន្តរជាតិ សហព័ន្ធកីឡាហុកគីទ្វីបអាស៊ី ដែលបានសម្របសម្រួលរៀបចំជូនដល់សហព័ន្ធកីឡាហុកគីកម្ពុជាឲ្យបានប្រព្រឹត្តទៅនូវវគ្គបណ្តុះបណ្តាលគ្រូគ្រូហុកគីកម្រិត១នេះ។ លោកសង្ឃឹមថា លោកគ្រូ អ្នកគ្រូកីឡាហុកគីនឹងមានការអភិវឌ្ឍជាលំដាប់តទៅមុខទៀត ហើយក៏មិនភ្លេចនូវការថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រមូលផ្ដុំក្រុមជម្រើសជាតិកីឡាហុក ហើយក៏អរគុណដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលបានដាក់បញ្ជូលប្រភេទកីឡាហុកគី ទៅក្នុងការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។


«បន្ទាប់ពីវគ្គនេះទៅ សហព័ន្ធនឹងខិតខំស្វះស្វែងរកការជួយឧបត្ថម្ភគាំទ្រពីសាម៉ីសហព័ន្ធអន្តរជាតិ ក៏ដូចជាបណ្ដាប្រទេសនានាឲ្យជួយទំនុកបម្រុង ក្នុងការជួយបង្ហាត់បង្ហាញបន្ថែមដល់សហព័ន្ធកីឡាហុកគីកម្ពុជា។ ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា NOCC និង CAMSOC ក៏បានអនុញ្ញាតឲ្យសហព័ន្ធកីឡាហុកគី ចូលរួមរៀបចំការប្រកួតកីឡាជាតិ (National Games) នាឆ្នាំ២០២២ ខាងមុខ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយនឹងប្រភេទកីឡាជាច្រើនទៀតរបស់កម្ពុជា»។ លោក កាំង សុធា បញ្ជាក់បន្ថែម។


លោកស្រី ឈឿង សុវណ្ណភារម្យ គ្រូបង្វឹកកីឡាហុកគី ដែលកំពុងចូលរួមវគ្គសិក្សានេះ បានលើកឡើងដែរថា ក្រោយទទួលបានការបណ្តុះបណ្តាល៤ថ្ងៃ ជាមួយគ្រូអន្តរជាតិនេះ គឺវាមានភាពខុសគ្នាច្រើនហើយក៏ជាជំនួយដល់យើងច្រើនដែរ។ អ្នកគ្រូទទួលបាននូវការយល់ដឹងកាន់តែច្រើនពីគ្រូឧទ្ទេសអន្តរជាតិ ដោយគាត់បែងចែកល្អ ជាពិសេសគឺគាត់បានពន្យល់ពីតួនាទីជាគ្រូបង្វឹកមានបច្ចេកទេស គន្លឹះសំខាន់ៗ ដើម្បីយកចំណេះដឹងទាំងអស់នេះ ទៅបន្តចែករំលែកជូនដល់ការហ្វឹកហាត់កីឡាករ កីឡាការិនី។ «សម្រាប់ខ្ញុំ វគ្គនេះគឺផ្តល់បទពិសោធន៍ដល់ពួកយើងនូវមេរៀនល្អណាស់។ និយាយទៅ គឺគាត់មានតិចនិកច្រើន ក្នុងការបង្ហាត់បង្ហាញពីរបៀបរបប និងការចែករំលែកបទពិសោធន៍អន្តរជាតិនានា។ ក្នុងនាមខ្ញុំជាគ្រូបង្វឹក ខ្ញុំនឹងខិតខំជំរុញសមត្ថភាពកីឡាករ កីឡាការិនី កាន់តែមានសមត្ថភាពខ្ពស់ដល់កម្រិតមួយ។ យើងនឹងតស៊ូឲ្យមោះមុត ហើយយើងព្យាយាមអស់ពីលទ្ធភាព ទោះជាថាយើងមិនហានសន្យាថានឹងជំរុញឲ្យពួកគេដល់ចំណុច ដែលយើងប្រាថ្នារកជ័យជម្នះបានក្តី ប៉ុន្តែយើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពនូវអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីរួមគ្នាធ្វើឲ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត។


កីឡាការិនីហុកគីជម្រើសជាតិកម្ពុជា គង់ នីកា បញ្ជាក់ថា «ខ្ញុំជាកីឡាការិនីម្នាក់ដែលទទួលបានចំណេះដឹងថ្មីៗ។ វគ្គសិក្សានេះ បានផ្តល់ចំណេះដឹងពីការរៀនទ្រឹស្ដីជាច្រើន ដើម្បីឲ្យយើងទាំងអស់គ្នាយកទៅអនុវត្តជាក់ស្តែង ដែលនឹងធ្វើឲ្យចំណេះដឹងរបស់យើង កាន់តែកើនឡើង។ ក្នុងនាមខ្ញុំជាកីឡាការិនីជម្រើសជាតិហុកគីកម្ពុជា ខ្ញុំសូមអរគុណដល់សហព័ន្ធ ដែលជួយជ្រោមជ្រែងរៀបចំកម្មវិធីនេះឡើង ហើយនាងខ្ញុំនឹងបន្តប្រឹងប្រែង ដើម្បីគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាយើង»៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖