+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំត្រួតពិនិត្យវឌ្ឍនភាពគណៈកម្មការទីលានប្រកួត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 132

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យការធ្វើបទបង្ហាញវឌ្ឍនភាពការងាររបស់គណៈកម្មការទីលាន និងចូលរួមតាមប្រព័ន្ធអនឡាញ ពីតំណាងសហព័ន្ធកីឡាជាតិនានា។


ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា គណៈកម្មការអចិន្ត្រៃយ៍ CAMSOC បានបើកិច្ចប្រជុំជាប្រចាំរបស់ខ្លួន ដើម្បីត្រួតពិនិត្យការងារ តាមដានការងារ និងវាយតម្លៃការងាររបស់គណៈកម្មការជំនាញ ដែលត្រូវធ្វើយ៉ាងណាឲ្យបានចប់សព្វគ្រប់ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីជំរុញឲ្យគណៈកម្មការជំនាញនីមួយៗ បានបង្ហាញនូវផែនការច្បាស់លាស់ នៅក្នុងឆមាសទីពីរនេះ។


នៅក្នុងឆមាសទីពីរនេះ គឺគ្រប់ទម្រង់នៃការរៀបចំផែនការទាំងអស់ ត្រូវបានបញ្ចប់នូវគម្រោងថវិកាយ៉ាងលម្អិត ហើយចាប់ពីពេលនេះតទៅ យើងនឹងលម្អិតពីគម្រោងថវិកា ដោយគណៈកម្មការទីលានប្រកួតនេះដឹកនាំដោយ ឯកឧត្តម ជា បូរ៉ា ដោយបានធ្វើបទបង្ហាញ ភ្ជាប់ជាមួយនឹងគម្រោងថវិកា។ គណៈកម្មការជំនាញនីមួយៗទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត ថោង ខុន ថា គណៈកម្មការនីមួយៗត្រូវភ្ជាប់មកជាមួយនូវគម្រោងថវិការបស់ខ្លួន សម្រាប់ឆ្នាំ២០២២-២០២៣ តែម្តង ដែលនេះជាយន្តការមួយ ក្នុងការជំរុញឲ្យគ្រប់បែបបទទាំងអស់ ត្រូវបានបញ្ចប់នៅក្នុងឆមាសទីពីរ នៃឆ្នាំ២០២១នេះ។


ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ទៀតថា «ចាប់ពីឆ្នាំ២០២២តទៅ គឺជាឆ្នាំដែលគណៈកម្មការជំនាញទាំងអស់ត្រូវអនុវត្តផែនការរបស់ខ្លួនតែម្តង។ ដូច្នេះ គណៈកម្មការទីលានប្រកួត ដែលត្រូវបែងចែកជា៦តំបន់ ដូចជា រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត និងទីលានជិះសេះ នៅភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ដែលជាកន្លែងរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយតំបន់ធំៗទាំងនេះ ត្រូវចែកចេញជាផ្នែកតូចៗទៀត ដោយផ្អែកទៅលើទីតាំងសំខាន់ៗ ក្នុងនោះនៅរាជធានីភ្នំពេញ គឺជាកន្លែងប្រមូលផ្ដុំជាង ៣០ប្រភេទកីឡា»។ បញ្ហាសំខាន់នៅថ្ងៃនេះ គឺផ្តោតទៅទីតាំងទាំងអស់ ដែលមិនទាន់អនុលោមទៅតាមលក្ខណៈបច្ចេកទេស គឺត្រូវកែលម្អ ត្រូវជួសជុល ដោយគណៈកម្មការក្នុងការរៀបចំកែលម្អឡើងវិញ ហើយទីលានណាខ្លះទៀតដែលមានលក្ខណៈស្តង់ដាររួចហើយ គឺគណៈកម្មការបានវាយតម្លៃទៅលើប្រភេទកីឡានីមួយថា ត្រូវការរៀបចំ និងប្រើប្រាស់កញ្ចប់ថវិកាជាតិយ៉ាងម៉េច កន្លែងណាមានស្រាប់ កន្លែងណាមិនមានស្រាប់ កន្លែងណាត្រូវជួសជុល ហើយកន្លែងណាធ្វើមុន និងកន្លែងណាទៀតត្រូវធ្វើបន្ទាប់។ យើងឃើញថា មានការរៀបចំឲ្យសហព័ន្ធជាតិទាំងអស់ សហការជាមួយនិងគណៈកម្មការទីលានប្រកួតឲ្យបានជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំទីលានប្រកួត ត្រូវបានរៀបចំទៅដោយរលូន។


«ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានអង្គប្រជុំបានបញ្ជាក់ហើយបញ្ជាក់ទៀតថា ត្រូវសហការគ្នាធ្វើការ ហើយរៀបចំឲ្យមានយន្តការច្បាស់លាស់ នៅក្នុងការងារបច្ចេកទេស ទាំងការងារ ទាំងពេលវេលា និងគម្រោងចំណាយថវិកា។ នេះគឺជាការបញ្ជាក់អំពីការត្រៀមខ្លួន ក្នុងការរៀបចំគម្រោងថវិកាឲ្យទាន់ពេលវេលា។ ជាលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញទាំងអស់របស់ CAMSOC ដែលកំពុងប្រឹងប្រែងរៀបចំការងារយ៉ាងចិត្តទុកដាក់បំផុត ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ»។ នេះជាបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖