+855 16 757 168     samnob@keiladaily.com
KD Logo

វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហុកគី បញ្ចប់ដោយជោគជ័យ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 148

CAMSOC-ភ្នំពេញ៖ វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគី កម្រិត១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីដំណើរការ១សប្តាហ៍មកនេះ។
វគ្គសិក្សានេះ មានសិក្ខាកាមជាគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិសរុបចំនួន ២៥នាក់ ក្នុងនោះមាននារី១៧នាក់ បង្ហាត់បង្រៀនតាមប្រព័ន្ធ Zoom ដោយគ្រូឧទ្ទេសបរទេស ៣នាក់ ជាជនជាតិប៉ាគីស្ថាន ២នាក់ និងគ្រូអេហ្ស៊ីបម្នាក់។ គណៈគ្រប់គ្រងវគ្គនេះ បានវាយតម្លៃលើការសិក្សារបស់សិក្ខាកាម ដោយនិទ្ទេសល្អណាស់ ៣៥% និទ្ទេសល្អ ៤០% និងនិទ្ទេសមធ្យម ២៥%។


លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំក្រេបជញ្ជក់ចំណេះដឹងរបស់លោកគ្រូ អ្នកគ្រូ កីឡាការិនីជម្រើសជាតិពីគ្រូឧទ្ទេសបរទេស។ វគ្គសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់ ដែលសហព័ន្ធមានឱកាសទទួលបានការបណ្ដុះបណ្ដាល ហើយតាមរយៈវគ្គនេះ គឺជាចំណែកដ៏សំខាន់ផងដែរ ដើម្បីឲ្យសហព័ន្ធពង្រីកវិសាលភាពកាន់តែធំ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សហព័ន្ធកីឡាហុកគីកម្ពុជា ទទួលបានកិត្តិយស សម្រាប់ដំណើរឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣នេះ បន្ទាប់ពីការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC)។


លោកអគ្គលេខាធិការបន្ថែមថា «ដូច្នេះ សហព័ន្ធក៏បានដាក់ផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការបង្កើនសមត្ថភាពធនធានមនុស្សកីឡាហុកគី ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឆ្លងកាត់តាមរយៈវគ្គសិក្សារយៈពេល៧ថ្ងៃនេះ សហព័ន្ធដាក់ក្តីសង្ឃឹមថា នឹងអាចពង្រីក និងបំផុសចលនាកីឡាហុកគី ឲ្យកាន់តែទូលំទូលាយ។ កាលណាមានអ្នកស្រឡាញ់ច្រើន លេងច្រើនលើប្រភេទកីឡាអូឡាំពិកមួយនេះ ពេលនោះសហព័ន្ធក៏អាចស្វែងរកបានធនធានកាន់តែសម្បូរបែប និងកាន់តែមានគុណភាពរឹងមាំផងដែរ ខណៈការចូលរួមប្រកួតលក្ខណៈអន្តរជាតិក៏យើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ។ សម្រាប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺសហព័ន្ធដាក់ក្តីសង្ឃឹមថា ក្រុមជម្រើសជាតិកីឡាហុកគីកម្ពុជា នឹងទទួលបានលទ្ធផលប្រសើរដែរ។ ប្រសិនបើយើងមិនទទួលបានការបណ្តុះបណ្តាល មិនបានផ្សព្វផ្សាយទេ លទ្ធផលនៃដំណើរការអភិវឌ្ឍ ក៏មិនទទួលបានលទ្ធផលល្អនោះដែរ»។


សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១នេះ អាចដំណើរការបាន តាមរយៈការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក (OS) ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) និងគ្រូឧទ្ទេសផ្តល់ដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ (FIH)។ វគ្គគ្រូបង្វឹកកីឡាហុកគីនេះ ផ្តោតសំខាន់លើមេរៀនសំខាន់ៗដូចជា សេចក្តីផ្តើមនៃកីឡាហុកគី តួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានិភ័យ (Risk Management) ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់សារជាតិញៀន (Anti-Doping) បទបញ្ជាការប្រកួតហ្គេម ការស៊ុតបាល់ ការបញ្ជូនបាល់ ការទទួល ការស៊ុតបញ្ចូលទី ការការពារ និងអ្នកចាំទីជាដើម៕


ប្រភពរូបភាព៖ #Yuen_Punlue

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖