+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម វ៉ាត់ ចំរើន វាយតម្លៃខ្ពស់ចំពោះសិក្ខាកាម ក្នុងវគ្គរដ្ឋបាលកីឡា នៅខេត្តតាកែវ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 149

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមបិទវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា សម្រាប់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តតាកែវ តាមប្រព័ន្ធបច្ចេកវិទ្យា Zoom ដែលបានបញ្ចប់នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។


ក្រៅពីការចែករំលែកចំណេះដឹង ក្នុងនាមជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់សិក្សារបស់លោកគ្រូអ្នកគ្រូ។ «ខ្ញុំពិតជារីករាយ ដែលបានជួបជុំជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការចែករំលែកនូវអ្វីដែលជាបទពិសោធន៍ ហើយជាការសិក្សារៀនសូត្រស្វែងយល់ពីចំណេះដឹងថ្មីៗបន្ថែម នៅក្នុងតំណែងវិជ្ជាជីវៈរបស់យើង ដើម្បីចែករំលែកគ្នាទៅវិញទៅមក។ នៅលើលោកយើងនេះ គ្មានអ្វីប្រសើរជាងការចែករំលែកនូវការអប់រំនេះទេ ដែលធ្វើឲ្យយើងចេះគោរពគ្នា មានសីលធម៌ មានគោលការណ៍ ចេះរស់នៅសុខដុមរមនាជាមួយគ្នា។ អ៊ីចឹងការអប់រំ គឺសំខាន់ណាស់ សម្រាប់សង្គមជាតិរបស់យើង ដើម្បីឲ្យសង្គមយើងក្លាយជាសង្គមស៊ីវិល័យ មានភាពថ្លៃថ្នូរ មានចរិតលក្ខណៈល្អ។ យើងត្រូវចេះរួបរួមគ្នា ចេះស្រឡាញ់គ្នាចេះអត់ឱនឲ្យគ្នា ដែលការចេះអត់ឱនឲ្យគ្នានេះហើយ នឹងប្រែក្លាយបញ្ហាធំមកជាបញ្ហាតូច ហើយពីបញ្ហាតូចមកជាគ្មានបញ្ហា។ ដូច្នេះទាំងអស់នេះហើយ គឺជាគោលការណ៍នៃមនុស្សជាតិ និងសង្គមរបស់យើង ហើយកីឡាគឺជាជីវិតរបស់យើងម្នាក់ៗ»។


ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា ក្រោយពីបញ្ចប់វគ្គនេះទៅ សិក្ខាកាមនឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចុះហត្ថលេខាដោយប្រធានគណៈកម្មធិកាអូឡាំពិកអន្តរជាតិ (IOC) ក៏ដូចជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន ដែលមានតម្លៃជាសកល ដែលសិក្ខាកាមទាំអស់បានឆ្លងកាត់វគ្គសិក្សាកម្រិតអន្តរជាតិ។ «សូមលោកគ្រូ អ្នកគ្រូទាំងអស់ ជួយចូលរួមរៀបចំដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាក្រកម្ពុជាយើងទាំងអស់គ្នា»។


គ្រូឧទ្ទេសប្រចាំវគ្គ ឯកឧត្តម វ៉ាត់ ចំរើន បានចែករំលែកលើមុខវិជ្ជាប្រវត្តិចលនាអូឡាំពិក រចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ ស្របពេលដែលលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមចែករំលែកលើមុខវិជ្ជាសំខាន់ៗក្នុងវគ្គនេះផងដែរ។


បើតតាម លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា នៃ NOCC បានឲ្យដឹងថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កន្លងមកថ្មីៗនេះ និងបន្តទៅ២ខេត្តទៀត គឺខេត្តកែប និងខេត្តរតនគីរី។ វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom និងមានរយៈពេល៤ថ្ងៃ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖