ក្បាច់ចាប់បោក ឬចាប់កាច់ក្រៀក នៅស្នៀតគុនយូដូ ដែលមើលទៅគួរឲ្យខ្លាច និងឈឺចាប់ ជាដើមហេតុធ្វើឲ្យស្ត្រីកម្ពុជា មិនសូវពេញនិយមហាត់ពត់លត់ដំឲ្យក្លាយខ្លួនជាកីឡាការិនីអាជីព។ នេះជាការពន្យល់របស់ប្រធានខេមរៈសហព័ន្ធយូដូ លោក ឡាច វុទ្ធី កាលពីពេលកន្លងទៅ នាពហុកីឡដ្ឋានជាតិ។
អតីតកីឡាករជម្រើសជាតិរូបនេះបន្ថែមថា ភាគច្រើននារីខ្មែរគ្រាន់តែចូលរួមហាត់តិចតួច ដើម្បីសុខភាព មិនប៉ងធ្វើជាអត្តពលិកតំណាងជាតិនោះឡើយ។ លោក ឡាច វុទ្ធី អះអាងដូចនេះ៖ «និយាយឲ្យចំទៅគឺថា នារីយើងដែលម៉ោគឺមានច្រើន តែគេម៉ោក្នុងលក្ខណៈហាត់ជាសុខភាព ដើម្បីជាហ្គេមកម្សាន្តអារម្មណ៍។ ណាមួយកីឡាយូដូ ដូចយើងឃើញស្រាប់ហើយ សុទ្ធតែការបោក ចឹងគ្នាឃើញថាការបោកហ្នឹង ដូចជាឈឺខ្លួនឈឺប្រាណខ្លាំងពេក អញ្ចឹងហើយធ្វើឲ្យគ្នាមិនចង់ហាត់យូដូ»។
បែបនេះក្ដី ប្រធានសហព័ន្ធខាងលើឲ្យដឹងដែរថា សហព័ន្ធកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងគោលដៅទាក់ទាញកុមារី និងយុវនារី ចូលរួមក្នុងក្រុមជម្រើសជាតិឲ្យបានច្រើន ដើម្បីបង្កើនបរិមាណ និងសម្រួចសមត្ថភាពកីឡាការិនីខ្មែរ ត្រៀមស៊ីហ្គេមនៅឆ្នាំបន្តបន្ទាប់។
គួររំឮកថា កាលឆ្នាំ២០១០ ក្នុងព្រឹត្តិការណ៍ Summer Youth Olympic នៅ សិង្ហបុរី កីឡាការិនី សំ សុធា របស់កម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿង ក្រោយបំបាក់កីឡាការិនីប៊ុលហ្គារី Damyanova ក្នុងពិន្ទុ១០០ទល់នឹង០ ដោយប្រើស្នៀត Ippon ជាក្បាច់ទទួលបានពិន្ទុខ្ពស់បំផុតរបស់យូដូ៕
ផ្តល់សិទ្ធិ៖ ទូរទស្សន៍ PNN
អត្ថបទ៖ រស់ កាណាល់
រូបញភាព៖ កោះសន្តិភាព
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖