+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ កំពុងប្រកួតរកជើងខ្លាំងប្រចាំឆ្នាំ២០១៥

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 376
អត្តពលិកកីឡាវ៉ូវីណាមជិត១០០នាក់ កំពុងតែប្រើប្រាស់នូវបច្ចេកទេស និងសមត្ថភាពរបស់ពួកគេ ដើម្បីធ្វើការប្រកួតប្រជែងគ្នា ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជ្រើស​រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលានេះ។
    
ការប្រកួតនេះ ជាកម្មវិធីប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែល​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​អត្ត​ពលិក​មាន​ទេព​កោសល្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ នៅឆ្នាំ២០១៦ ខណៈការប្រកួតនៅឆ្នាំនេះមានអត្តពលិកចូលរួមសរុបចំនួន៩៩នាក់។
 
អត្តពលិកទាំង៩៩នាក់នេះ បានមកប្រកួតតំណាងឲ្យក្លិប-សមាគមចំនួន៦ ក្នុងនោះមាន  ក្លិបវ៉ូវីណាមវិទ្យាល័យវត្តកោះ ក្លិបវ៉ូវីណាមវិទ្យាល័យជាស៊ីមសាមគ្គី អង្គ​ការសង្គ្រោះកុមារកម្ពុជាសមាគមវ៉ូវីណាមអាស៊ីអឺរ៉ុប ក្លិបវ៉ូវីណាមក្រុមហ៊ុនរ័ត្នសាខន និងក្លិបវ៉ូវីណាមក្រសួងមហាផ្ទៃ។
   
លោក ទេព សុជីវសុខុម គ្រូបង្វឹកជម្រើសជាតិ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រាប់ថា៖«នេះជាកម្មវិធីប្រកួតរបស់ក្រសួង ហើយ​យើង​នឹងប្រើការប្រកួតនេះ ដើម្បីជ្រើសរើសអត្តពលិកឆ្នើមចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ពិសេស​សម្លឹង​រក​មើល​យុវជន​មាន​ទេព​កោសល្យ​យក​ទៅ​បណ្តុះ​បណ្តាលត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

បើតាមលោក ទេព សុជីវសុខុម បានឲ្យដឹងថា ការប្រកួតនេះមានវិញ្ញាសាប្រកួតចំនួន១៣ ដោយ​ក្នុង​នោះ​ការ​ប្រកួត​ផ្នែក​ប្រយុទ្ធ​បុរស​មាន​ប្រភេទ​ទម្ងន់​៥៥​គ.ក្រ ៥៥, ៦០ និងទម្ងន់លើស៦៥គីឡូក្រាម ឯផ្នែកនារីមានប្រកួតទម្ងន់៥៥គ.ក្រ និង៦០គ.ក្រ។ ចំពោះការប្រកួតសម្តែង រួមមានមេគុនបុរសឯកត្តជន មេ​គុន​កាំបិតធំ២នាក់បុរស សម្តែងជាក្រុមបុរស៤នាក់មានអាវុធ មេគុនឯកជននារី មេគុនដាវឯកត្តជននារី សម្តែងនារី១នាក់ជាមួយបុរស១នាក់ សម្តែង​នារី​១​នាក់​ជាមួយបុរស៣នាក់មានអាវុធ។

ចំណែកការប្រកួត នៅថ្ងៃព្រហស្បតិ៍នេះ មានការប្រកួតលើវិញ្ញាសាមេគុនកាំបិតធំ២នាក់បុរស មេគុនដាវឯកត្តជនបុរស និង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥០​គីឡូ​ក្រាម ដោយវិញ្ញាសាទាំង៣នេះ នឹងត្រូវធ្វើការប្រកួតជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃនេះតែម្តង មិនពេលចូលទៅប្រកួតវិញ្ញាសាផ្សេងៗទៀត៕

អត្ថបទ និងរូបថត៖ keiladaily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖