មហាសន្និបាតវិសាមញ្ញអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី៥កញ្ញាបានសម្រេចជ្រើសរើសបំពេញបន្ថែមនូវសមាជិកប្រតិបត្តិចំនួន២រូប ជំនួសសមាជិកប្រតិបត្តិចំនួន២រូបដែលបានទទួលមរណភាព។មហាសន្និបាតបានចាប់ផ្ដើមដោយមានការគោរពវិញ្ញាណក្ខ័ន្ធចំពោះស្ថាបនិកកីឡានានារបស់កម្ពុជាដែលបានទទួលមរណភាព ដូចជាលោកម៉ី សាមឺឌី លោកប៉ែន យ៉េត លោកយ៉ែម ឧត្តម លោកហែម ថុន ។
លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគឺជាប្រធាននៃអង្គមហាសន្និបាតវិសាមញ្ញនេះ ហើយចូលរួមក្នុងឱកាសនោះដែរមានលោកអគ្គលេខាធិការអូឡាំពិក និង សមាជិកប្រតិបត្តិ ព្រមទាំងតំណាងសហព័ន្ធជាតិនានា ។លោកថាង ហ្គោដុនមកពីសហព័ន្ធកីឡាទូកក្ដោង និង អ្នកស្រីម៉ក់ វណ្ណស៊ីថាអភិបាលរងសាលារាជធានីភ្នំពេញដែលជាប្រធានគណៈកម្មការស្ត្រី និង កីឡាបានទទួលការគាំទ្រជាសមាជិកប្រតិបត្តិថ្មីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជំនួលោកហែម ថុនដែលជាអគ្គលេខាធិការរង និង លោកឈួន ឡេងដែលជានាយករដ្ឋបាលដែលបានទទួលមរណភាពដោយរោគាពាធនោះ។
លោកថោង ខុនគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានស្វាគមន៍ ចំពោះ លោក ថាង ហ្គោដុង និង លោកស្រី ម៉ក់ វណ្ណស៊ីថា ដែលបានក្លាយជាសមាជិកប្រតិបត្តិ នៃគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងសូមថ្លែងនូវការកោតសរសើរចំពោះស្មារតីគាំទ្រផ្តល់ទំនុកចិត្តរបស់សហព័ន្ធកីឡាជាតិជាសមាជិកចំពោះបេក្ខភាពទាំងពីររូបក៏ដូចជាការជឿជាក់លើគោលនយោបាយដឹកនាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផងដែរ ។
លោកបន្តថាឥឡូវនេះគ្រួសារអូឡាំពិកយើងពិតជាជ្រើសរើសបានអ្នកមានលទ្ធភាពមានលក្ខណៈសម្បត្តិល្អនិងមានស្មារតីកីឡា“Sport Spirit”មោះមុតគួរជាទីសង្ឃឹមនៃការួមចំណែកជួយអភិវឌ្ឍចលនាកីឡាអូឡាំពិក និងកីឡាជាតិ អោយឆ្ពោះទៅរកសក្តានុពលភាពកីឡាជាតិបាននាពេលដ៏ខ្លីខាងមុខនេះ។
ចំពោះដំណើរឆ្ពោះទៅ SEA Games ឆ្នាំ២០២៣លោកថោង ខុនបានចាត់ទុកថា ជាចក្ខុវិស័យ និងកម្មវត្ថុចម្បងដែលត្រូវយក ចិត្តទុកដាក់ចាប់ផ្តើមអនុវត្តជាក់ស្តែងជាជាងរង់ចាំនេះ រង់ចាំនោះ បណ្តែតបណ្តោយអោយពេលវេលាកន្លងផុត ទៅដោយឥតប្រយោជន៍៍។គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនបានអង្គុយរង់ចាំទេ ដូចនេះសូមចាប់ផ្តើមសកម្មភាព “Take action” ទាំងអស់គ្នាពីពេលនេះតទៅ។ ជាមួយគ្នានេះមហាសន្និបាតបានធ្វើវិសមធនកម្មលើលក្ខន្តិកៈ ព្រមទាំងស្ដាប់របាយការណ៍សកម្មភាពនានារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
.jpg)
អត្ថបទ និងរូបថត៖ keiladaily
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖